ការធ្វើទំនើបកម្មបន្លែសុវត្ថិភាពតាមរយៈផ្ទះសំណាញ់កំពុងបង្កើនចំណូលដល់កសិករ

Oct 28, 2023

យោងតាមទិន្នន័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានឱ្យដឹងថា នៅឆ្នាំ2020 កសិករក្នុងគម្រោង ASPIRE បានដាំស្ពៃក្រញ៉ាញ់ (បន្លែសុវត្ថិភាព) ដោយក្នុងផ្ទះសំណាញ់ទំហំ 500 ម៉ែត្រក្រឡា អាចដាំបានចំនួន 6លើក/ឆ្នាំ និងទទួលបានប្រាក់ចំណូលចំនួន 18 លានរៀល/ឆ្នាំ ។

បន្ទាប់ពីដកប្រាក់ចំណាយសរុបអស់ចំនួន 7,500,000រៀល/ឆ្នាំ (ធាតុចូល 1,350,000រៀល ពលកម្ម 3,750,000 រៀល រំលស់ផ្ទះសំណាញ់ 2,400,000 រៀល) កសិករអាចទទួលបានប្រាក់ចំណេញជាមធ្យមចំនួន 10,500,000 រៀល/ឆ្នាំ ជាពិសេស កសិករអាចដាំបានពេញមួយឆ្នាំ ហើយផលដែលទទួលបានគឺបន្លែមានគុណភាព សុវត្ថិភាព ទិន្នផលខ្ពស់ លក់បានថ្លៃ និងជាទីពេញនិយមរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន។ ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយការដាំនៅទីវាលទំហំដីប៉ុនគ្នា កសិករអាចដាំបានតែ 4លើក/ឆ្នាំ ហើយទទួលបានប្រាក់ចំណូលសុទ្ធត្រឹមតែ 8,380,000 រៀល/ឆ្នាំ ប៉ុណ្ណោះ។

ដោយទទួលបានបច្ចេកទេស និងយល់ច្បាស់ពីអត្ថប្រយោជន៍នៃការដាំបន្លែក្នុងផ្ទះសំណាញ់ មានប្រជាកសិករសហគមន៍បន្លែ ឬបណ្តុំផលិតកម្មបន្លែជាច្រើននៅទូទាំងប្រទេស ក្រោមកិច្ចសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ជាពិសេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានធ្វើឱ្យចំនួនផ្ទះសំណាញ់កើនឡើងពី 559 ផ្ទះសំណាញ់ ក្នុងឆ្នាំ2019 ទៅ959 ផ្ទះសំណាញ់ក្នុងឆ្នាំ2020  ហើយប្រាកដណាស់ថាចំនួននេះនឹងមានការកើនឡើងជាលំដាប់នៅឆ្នាំបន្តបន្ទាប់។

បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកដៃគូសហការគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីច្បាមយកកាលានុវត្តភាពពង្រឹង និងពង្រីកផលិតកម្មដំណាំបន្លែក្នុងផ្ទះសំណាញ់ទាំងសរីរាង្គ និងសុវត្ថិភាព។

លទ្ធផលនៃការប្រៀបធៀបនេះបានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចរវាងការដាំបន្លែក្នុង និងក្រៅផ្ទះសំណាញ់ដែលបានអនុវត្តបច្ចេកវិទ្យាទំនើប សមស្របការចងក្រងបណ្តុំផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code  ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការតភ្ជាប់បណ្តាញទីផ្សារតាម Online ការអនុវត្ត Cold Chain System ការរៀបចំកន្លែលក់ដុំបន្លែក្នុងសហគមន៍ ឬផ្សារណាត់ចុងសប្តាហ៍ និងផ្សារទំនើប។ល។

យន្តការសំខាន់ៗទាំងអស់នេះ គឺដើម្បីឈានឆ្ពោះទៅធ្វើការលើកកម្ពស់កសិផល/ផលិតផលខ្មែរ តាមរយៈការជំរុញផលិតភាពផលិតកម្ម ដំណាំបន្លែលើផ្ទៃដីដដែលធានាគុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និន្នាការកើនឡើងនៃការបរិភោគបន្លែផលិតក្នុងស្រុក និងជាពិសេសចូលរួមបង្កើនផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីបរទេស៕

Posted By Hean Pheap

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in