ការប្រមូលផលស្ពៃក្តោបនៅមណ្ឌលគីរី

Oct 26, 2023

IMG20191218141954មណ្ឌលគីរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជំរុញ និងលើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះបន្លែស្ពៃក្តោប ព្រោះតំបន់ភូមិភាគឦសាន្តមួយនេះ មានអាកាសធាតុសមស្របនឹងដំណាំប្រភេទនេះ ខណៈដែលបន្លែស្ពៃក្តោបមានតម្រូវការទីផ្សារខ្ពស់ ហើយជាមធ្យមអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេសបានរហូតជាង១២តោនក្នុងមួយខែ។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី កាលពីពេលកន្លងទៅនេះ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី បានលើកឡើងថា វិស័យកសិកម្មនៅខេត្តមណ្ឌលគីរី គឺមានសក្តានុពលខ្ពស់ ដោយសារតែកត្តាអាកាសធាតុ និងដីមានជីវជាតិអំណោយផល ពិសេសសម្រាប់ការដាំដុះបន្លែជាដើម។ ជាក់ស្តែង បច្ចុប្បន្ន​បន្លែស្ពៃក្តោប​ដែល​ទទួលបាន​ឈ្មោះ​បោះ​សំឡេង​ពី​អ្នក​បរិភោគ​ថា​មាន គុណភាព​ល្អ​ដោយ​គ្មាន​សារជាតិ​គីមី ហើយ​រសជាតិ​ស្រួយ​ឆ្ងាញ់​ជាង​ប្រភេទ​ស្ពៃក្ដោប​ពី​កន្លែង​ដទៃទៀត​​ ហើយដំណាំប្រភេទនេះ ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ និងទីផ្សារ​ល្អប្រសើរ​ឡើង​បន្តបន្ទាប់​។

“គិតមកដល់សព្វថ្ងៃនេះ បន្លែស្ពៃក្តោបនៅក្នុងខេត្តមណ្ឌលគីរី ដោយសារការដាំដុះក្នុងអាកាសធាតុត្រជាក់ បានធ្វើឱ្យបន្លែនេះ ដាំដុះល្អជាងដំណាំផ្សេងៗ ហើយមានរសជាតិឆ្ងាញ់ ផ្អែម ស្រួយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦ បានទទួលទិញបន្លែស្ពៃក្តោបក្នុងខេត្តមណ្ឌលគីរី សម្រាប់ផ្គត់ផ្គងទៅកាន់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តដដៃទៀត។ ជាមធ្យមគឺយើងអាចផ្គត់ផ្គង់បានក្នុងរង្វង់ជាង១២តោនក្នុងមួយខែ បើទោះជាទំហំនេះតិចតួច តែយើងអាចមានលទ្ធភាពផ្គត់ផ្គង់ទៅកាន់ទីផ្សារដទៃបាន។ ក្រៅពីបន្លែស្ពៃក្តោប ខេត្តមណ្ឌលគីរី ក៏មានសក្តានុពលលើការដាំដុះបន្លែកាហ្វេ ស្វាយចន្ទី ដំឡូងមី ដំណាំប័រ  ដំណាំក្រូចវល្លិ៍  (ផ្លែផាសិន) ដំណាំកៅស៊ូជាលក្ខណៈឧស្សាហកម្ម និងដំណាំកស៊ូជាលក្ខណៈគ្រួសារផងដែរ”

ប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគីរី បន្តទៀតថា ដើម្បីបង្កើនបរិមាណទិន្នផលនៃបន្លែ និងដំណាំសក្តានុពលទាំងនេះ លោកក៏លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករខិតខំដាំដុះបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការសំដៅលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរ។
លោកបានថ្លែងបន្តថា ៖“សូមឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះ តាមរយៈការរកែប្រែទម្លាប់នៃការដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីមានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់”

ជាមួយគ្នានេះ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងដែរថា ខេត្តមណ្ឌលគិរីមានស្ថានភាពភូមិសាស្រ្តអំណោយផលលើវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតសម្រាប់តម្រូវការទីផ្សារ ដែលអាចកាត់បន្ថយការនាំចូល និងបានបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។
លោកថា ៖“ជាក់ស្តែង បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី វិស័យសាកវប្បកម្មកំពុងមានការទាក់ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ចសម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុតជាដើម”

ជាមួយគ្នានេះ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះបង្កបង្កើនផលដំណាំរួមផ្សំនានា និងចេះចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅកាន់តែរីកចំរើន ខណៈខេត្តក៏នឹងខិតខំកសាង និងកែលម្អរប្រព័ន្ធស្រោចស្រពបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការដាំដុះដំណាំកសិកម្មរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគីរី ឈានទៅបង្កើនគុណភាពនិងបរិមាណនៃផលិតផលកសិកម្មបន្ថែមទៀត៕ អត្ថបទ ៖ សែម ពិសី

Posted By Hean Pheap

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in