ឧសភា 6, 2025

បើយោងតាមបទពិសោធន៍នៃការលក់បន្លែ ផ្លែឈើ សាច់សុវត្ថិភាព និងសរីរាង្គរបស់អាសានាពេលកន្លងមកបានបង្ហាញថា ទីផ្សារបន្លែ ផ្លែឈើ និងសាច់សុវត្ថិភាពនិងសរីរាង្គកំពុងតែមានសន្ទុះ ទទួលបានការគាំទ្រជាខ្លាំងពីអតិថិជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាកសិផលទាំងនោះនៅមិនទាន់មានការបញ្ជាក់ ឬទទួលស្គាល់ជាផ្លូវការពីក្រុមអ្នកជំនាញក៏ដោយ។
បន្លែ ផ្លែឈើសរីរាង្គគឺជាបន្លែផ្លែឈើដាំដុះដោយប្រើជីរធម្មជាតិដែលផ្សំពីលាមកសត្វ ឬក៏កម្ទេចកម្ទីឈើ ឬស្លឹកឈើជាដើម ដោយជៀសវាងការប្រើប្រាស់ថ្នាំពុលកសិកម្មដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ មានការយល់ដឹងច្រើនពីគ្រោះថ្នាក់នៃបន្លែប្រើប្រាស់នូវសារធាតុគីមី ថ្នាំពុល ធ្វើឲ្យអតិថិជននៅទីក្រុងភ្នំពេញគឺគាត់ជួបប្រទេះនូវគ្រោះពុលជាញឹកញយ ហើយដល់អញ្ចឹង គាត់រកបន្លែដែលមិនប្រើប្រាស់នូវសារធាតុគីមី។ ឃើញថា និន្នាការស្វែងរកបន្លែសុវត្ថិភាពឬសរីរាង្គ ផលិតផលសរីរាង្គគឺកំពុងតែមានការរីកដុះដាលពី១ឆ្នាំទៅ១ឆ្នាំ»។
លោក ហ៊ាន ភាព ម្ចាស់ហាងភ្នាក់ងារដំណោះស្រាយផ្នែកកសិកម្មដែលហៅកាត់ថាអាសា ដែលជាងហាងមួយមានលក់បន្លែ ផ្លែឈើ សុវត្ថិភាពនិងសរីរាង្គ តាមរយះប្រមូលទិញពីកសិករផ្សេងៗតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ដោយក្នុង១ថ្ងៃអាសាលក់បន្លែសុវត្ថិភាពនិងសរីរាង្គទាំងនៅក្នុងហាងផ្ទាល់និងបោះដុំក្នុងទីក្រុងភ្នំពេញអស់ប្រមាណពី៣៥០គីឡូទៅ៥០០គីឡូដែលសន្ទុះនេះមានការកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
លោកបានឲ្យដឹងបន្ថែមថា នៅក្នុងហាងអាសាមានលក់បន្លែប្រមាណជាង៣០មុខ និងមានគ្រឿងទេសផ្សេងៗទៀតប្រមាណជា២៥០មុខ ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គឹមឈី។ល។
«នៅពេលដែលអាសាចាប់បើកដំបូង អតិថិជននៅមិនទាន់ចាប់អារម្មណ៍ទេ ហើយអ្នកចាប់អារម្មណ៍មួយចំនួនក៏មិនសូវមានការទុកចិត្តដែរ ។ មកដល់ពេលបច្ចុប្បន្ននេះ យើងឃើញថា សន្ទុះនៃការទទួលស្គាល់ ការទុកចិត្តគឺមានកំណើនកើនច្រើនពី១ឆ្នាំទៅ១ឆ្នាំ។ អតិថិជនបច្ចុប្បន្នមានការយល់ដឹង ពីព្រោះជំងឺបច្ចុប្បន្នគឺវាកើតឡើងច្រើនពីប្រភពនៃការទទួលទាន ដល់អញ្ចឹងទៅ អតិថិជនងាកមករកផលិតផលណាមួយ ដែលគាត់ពិសារទៅ វាអាចធានាបានថា វាមិនប៉ះពាល់ដល់សុខភាពរបស់គាត់»។
លោកបណ្ឌិតគៀន សុភា ជាអនុប្រធាននៃអគ្គនាយកដ្ឋានសាកវេប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា ទោះបីជាចំណីសរីរាង្គដែលបានដាក់លក់នោះនៅមិនទាន់បានឆ្លើយតបទៅតាមស្តង់ដារក៏ដោយ ក៏ចំណីអាហារទាំងនោះមានលក្ខណៈល្អប្រសើរជាងបន្លែផ្លែឈើនៅលើទីផ្សារធម្មតាដែរ។
លោកបានឲ្យដឹងបន្ថែមថា ខាងក្រសួងកំពុងរៀបចំច្បាប់ដើម្បីគ្រប់គ្រងចំណីអាហារសរីរាង្គនេះឲ្យស្របទៅតាមស្តង់ដារ។
«វិស័យឯកជនគេធ្វើទៅតាមតម្រូវការទីផ្សារ ក៏ប៉ុន្តែបើសិនជាយើងនិយាយប្រកាសថា ជាផលិតផលសរីរាង្គ យើងពុំទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ យើងជឿជាក់ថា ប្រសិនជាគេប្រកាសអំពីផលិតផលសរីរាង្គ ខ្ញុំជឿថា គេក៏មានការប្រិតប្រៀងដែរអំពីបញ្ហាប្រើប្រាស់នូវសារធាតុគីមី។ហើយយើងនៅពុំទាន់មានអង្គភាពណាមួយដែលចុះទៅត្រួតពិនិត្យថា តើវិធីសាស្ត្រក្នុងការដាំដុះរបស់គាត់នោះប្រព្រឹត្តទៅតាមគោលការណ៍សរីរាង្គដែលឬអត់។ បច្ចុប្បន្ននេះទីផ្សារសរីរាង្គហ្នឹងកំពុងពេញនិយមសម្រាប់ប្រជាជនយើង»។
យោងតាមលទ្ធផលស្រាវជ្រាវរបស់លោកស្រីបណ្ឌិតចេក សុថា ប្រធានផ្នែកគីមី និងចំណីអាហារវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារាជបណ្ឌិតសភាកម្ពុជា ដែលសិក្សាស្តីពីវត្តមាននៃសារធាតុគីមី ដែលមានគ្រោះថ្នាក់ក្នុងម្ហូបអាហារ បានបង្ហាញឲ្យដឹងថា សារធាតុគីមីមួយចំនួនដែលមានការ ប៉ះពាល់ជាខ្លាំងដល់សុខភាព បានមានវត្តមាននៅលើម្ហូបចំណីអាហារបន្លែមួយចំនួនដែលកំពុងចររាចនៅលើទីផ្សារ រួមមានដូចជា៖ សារធាតុគីមីប័រ៉ាក់ ឬហៅថាទឹកអន្សា សារធាតុគីមីហ្វ័រម៉ាលីន សារធាតុគីមីអាស៊ីតសាលីស៊ីលីក សារធាតុគីមីសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថា ម្សៅស។
សារធាតុទាំងនោះបង្កគ្រោះថា្នក់ ដូចជាខូចតម្រងនោម ក្រលៀន ឈឺក្បាល រមាស់ស្បែក រលាកប្រដាប់រំលាយអាហារ ក្រពះ ពោះវៀន ក្អួត វិលមុខ ក្តៅខ្លួន រាគ កន្ទួលលើស្បែក សន្លប់ ស្លាប់ និងបង្កឲ្យមានជំងឺមហារីកមួយចំនួនជាដើម។
លោកស្រីបណ្ឌិតចេក សុថាបានឲ្យដឹងទៀតថា ដោយសារអំឡុងពេលនេះ ប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមមុខនឹងបញ្ហាជំងឺមួយចំនួន ជាពិសេសគឺជំងឺមហារីកជាដើមដែលបណ្តាលមកពីចំណីអាហារដែលមានជាតិពុលកសិកម្ម។
ហេតុដូច្នេះ លោកស្រីបានបញ្ជាក់ថា កត្តានេះជាដើមហេតុចម្បងក្នុងការជំរុញឲ្យប្រជាពលរដ្ឋភាគច្រើនស្វែងរកចំណីអាហារសរីរាង្គ ក៏ប៉ុន្តែចំណីអាហារសរីរាង្គដែលកំពុងចររាចនៅលើទីផ្សារនោះនៅមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយបញ្ជាក់ពីគុណភាពរបស់វានៅឡើយ។
«វាមិនទាន់មានការសិក្សាណាដែលរកឃើញថា បន្លែដែលយកមកនោះអត់មានថ្នាំទេ ពីព្រោះអត់ទាន់មានការវិភាគទៅលើបន្លែដែលគេដាំហ្នឹង។ជាការល្អហើយដែលប្រជាពលរដ្ឋយល់ដឹង។ គាត់ចង់បានបន្លែសរីរាង្គមែន ក៏ប៉ុន្តែមិនដឹងថា អ្នកដាំគាត់ទទួលខុសត្រូវថា បន្លែអត់ថ្នាំពុលដែរ ឬអត់។ សំខាន់គឺគាត់អ្នកដាំ ក៏ប៉ុន្តែវាអត់មានអីបញ្ជាក់»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកផលិតចំណីអាហារសុវត្ថិភាពនិងសរីរាង្គសុទ្ធតែបានអះអាងដូចៗគ្នាថា ផលិតផលសរីរាង្គដែលបានដាក់លក់នៅលើទីផ្សារនេះសុទ្ធតែបានធ្វើការដាំដុះ ថែទាំ និងរក្សាទុកយ៉ាងត្រឹមត្រូវទៅតាមស្តង់ដារចំណីអាហារសរីរាង្គ បើទោះបីជាមិនទាន់មានការចុះត្រួតពិនិត្យពីក្រុមអ្នកជំនាញនៃក្រសួងកសិកម្មក៏ដោយ៕
Posted By Hean Pheap
ឆ្លើយតប