ការដាំបន្លែសុវត្ថិភាពកំពុងតែផ្ដល់ចំណូលដល់ប្រជាកសិករកាន់តែប្រសើរ

Oct 26, 2023

ភ្នំពេញ៖ ប្រជាកសិករនៅក្នុងខេត្តចំនួន២ ក្នុងប្រទេសកម្ពុជាបាននាំគ្នាងាកមកដាំបន្លែនិងផ្លែឈើសុវត្ថិភាពដោយប្រើជីកំប៉ុស ជំនួសឲ្យការប្រើជីគីមី ដែលធ្វើឲ្យជីវភាពរបស់របស់ប្រជាកសិករកាន់តែមានភាពប្រសើរឡើង។

ប្រជាកសិករមួយចំនួននៅក្នុងស្រុកចំនួន៧ នៅក្នុងខេត្តតាកែវ និងខេត្តកណ្ដាល ចាប់ផ្ដើមនាំគ្នាដាំដំណាំចម្រុះនៅលើផ្ទៃដីរបស់ពួកគាត់ដើម្បីទទួលបានទិន្នផលបន្លែគ្រប់រដូវ។ ពួកគេបានប្រើប្រាស់ជីកំប៉ុស និងថ្នាំសម្លាប់សត្វល្អិតធម្មជាតិ ដែលធ្វើដោយខ្លួនឯងសម្រាប់ប្រើប្រាស់លើបន្លែទាំងនោះ។

កសិករម្នាក់នៅក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ប៉ោក ស្រ៊ាង បានរៀបរាប់ថា នៅក្នុងចំការរបស់អ្នកស្រីមានបន្លែច្រើនមុខ រួមមានខាត់ណាផ្កា ខាត់ណាដើម ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ដែលសុទ្ធសឹងតែជាបន្លែមានទីផ្សារ និងប្រមូលផលបានគ្រប់រដូវ។ អ្នកស្រីបន្តថា ជីវភាពរបស់អ្នកស្រីក៏មានភាពប្រសើរជាងមុនច្រើនពីការដាំបន្លែសុវត្ថិភាពនេះ ដោយមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ។

អ្នកស្រីបានឲ្យដឹងថា ជារៀងរាល់ថ្ងៃអ្នកស្រីប្រមូលផលបន្លែ និងបានយកទៅលក់ឲ្យខាងសហគមន៍កសិករ ( Agriculture Cooperative) ហៅកាត់ថា AC ដោយទទួលបានចំណូលក្នុងមួយថ្ងៃពី ៤ទៅ ៥ម៉ឺនរៀល។ អ្នកស្រីបន្តទៀតថា ចំណូលដែលបានមក អ្នកស្រីបានយកទៅទិញរ៉ឺម៉ក់សម្រាប់ដឹកបន្លែ និងបានយកប្រាក់ខ្លះទៅដាក់នៅក្នុងសហគមន៍ផងដែរ។

អ្នកស្រីនិយាយថា៖ «ប្រយោជន៍ដែលទទួលបានហ្នឹងគឺបានរបស់ដូចជាម៉ូតូ រ៉ឺម៉ក់ យើងទិញបានរបស់អញ្ចឹង។ ហើយកូនទៅរៀន វារៀងធូរ។ […] ប្រៀបធៀបកាលមុន លំបាកណាស់។ កាលហ្នឹងគិតពីល្ងាចថា ព្រលឹមឡើងទៅខ្ចីលុយគេទុកឲ្យកូនទៅរៀនបាត់ហើយ អត់មានអីលក់ទេ»។

អ្នកស្រីបន្ថែមថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការដាំបន្លែនេះ អ្នកស្រីចង់ពង្រីករោងដាំបន្លែទៀត និងចង់ស្វែងយល់ រៀនបន្ថែមទៅលើបច្ចេកទេសដាំបន្លែបែបសុវត្ថិភាព ដើម្បីពង្រីកមុខរបររបស់អ្នកស្រីឲ្យកាន់តែធំនិងល្អប្រសើរជាងមុន។

អ្នកស្រីថា ជោគជ័យនៅក្នុងការដាំបន្លែនេះ គឺបានមកបន្ទាប់ពីអ្នកស្រីបានទទួលបានវគ្គបណ្ដុះបណ្ដាលពីអង្គការទស្សនៈពិភពលោកទៅលើគម្រោងម៉ាស់២ (Mase2) ដែលធ្វើឲ្យការដាំបន្លែរបស់អ្នកស្រីទទួលបានទិន្នផលល្អជាងមុន ព្រមទាំងទទួលបានបន្លែដែលមានសុវត្ថិភាពនៅក្នុងការបរិភោគផងដែរ។

គម្រោង ម៉ាស់២ ជាគម្រោងរបស់អង្គការទស្សនៈពិភពលោក ដែលផ្ដោតទៅលើគោលដៅចំនួនពីរ ទីមួយគឺដើម្បីឲ្យកសិករទទួលបានគំរូអាជីវកម្មខ្នាតតូច និងកំពុងតែរីកចម្រើនអាចទទួលបានប្រាក់ចំណេញកាន់តែច្រើនលើការផលិតរបស់ខ្លួន និងទីពីរគឺ ការផ្ដោតលើកសិករខ្នាតតូចក្រីក្រដែលប្រឈមនឹងឧបសគ្គគួរឱ្យកត់សម្គាល់ ពិបាកក្នុងការរកប្រាក់ចំណេញ ជាពិសេសគឺកសិករដែលជាស្ត្រីក្រីក្រី។

នៅក្នុងការតាំងពិព័រណ៍កសិកម្មសហគមន៍ស្វាយប្រទាលក្នុងក្តីសង្ឈឹម កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជាលោក ឡេង វីរៈ បានឲ្យដឹងថា ការបង្កើតគម្រោង ម៉ាស់២ (Mase2) នេះឡើងគឺដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីសុវត្ថិភាពបន្លែ ផ្លែឈើ ជាពិសេសអ្នកដាំដុះ អ្នកទិញ ឈ្មួញកណ្ដាល ដើម្បីបង្កើតឲ្យមានទំនុកចិត្តនៅក្នុងការបរិភោគ និងមិនមានផលប៉ះពាល់ចំពោះសុខភាព។

លោកនិយាយថា៖ «ចំណេញសំខាន់ជាងគេគឺចំណេញសុខភាព។ អ្នកផលិត អ្នកដាំដុះគាត់ចំណេញចំណេះដឹង បច្ចេកទេស ចំណេះដឹងនៅក្នុងការធ្វើជំនួញ ចំណេញផ្នែកខាងលុយកាក់ និងចំណេញទឹកចិត្តនៃការដែលគាត់ មានចំណែកនៅក្នុងការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងកុមារ។ ព្រោះកន្លែងនេះមិនមែនគ្រាន់តែជាការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងទីកន្លែងនេះទេ ប៉ុន្តែគឺជាកន្លែងដែលយើងផ្គត់ផ្គង់បន្លែ សម្រាប់ទៅផ្សារដើមគរ ទៅភ្នំពេញ ពួកយើងទាំងអស់គ្នាគឺជាហូបបន្លែនៅទីនេះដែរ ប្រសិនបើបន្លែគ្មានសុវត្ថិភាព យើងក៏មិនមានទំនុកចិត្តនៅក្នុងការហូបចុក»។

ប្រធានសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្តីសង្ឈឹម អ្នកស្រី តូច ផិច បានឱ្យដឹងថា សហគមន៍នេះត្រូវបានបង្កើតនៅឆ្នាំ២០១៥ និងមានសមាជិកជាង៣០០គ្រួសារ ដែលកំពុងដាំបន្លែសុវត្ថិភាព ដោយអាចផលិតបន្លែបានជាង១០០តោនក្នុងមួយថ្ងៃ។

អ្នកស្រីបន្ថែមថា តាមរយៈគម្រោងម៉ាស់២ របស់អង្គការទស្សនៈពិភពលោក សហគមន៍របស់អ្នកស្រីកាន់តែរីកចម្រើនច្រើនថែមទៀតដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍មានការយល់ដឹងច្រើនពីបច្ចេកទេសក្នុងការដាំដុះ លែងប្រើសារធាតុគីមី និងទិន្នផលបន្លែមានទីផ្សារផងដែរ។

អ្នកស្រីនិយាយថា៖ «កាលពីមុនគ្មានអង្គការ ឬមួយខាងក្រសួង ឬក៏គម្រោងណាចុះមកបណ្ដុះបណ្ដាលគាត់ទេក្នុងការដាំបន្លែ កាត់ដាំតាមដែលគាត់នឹកឃើញ ដល់ឥឡូវមានការគាំទ្រ មានការសហការពីអង្គការទស្សនៈពិភពលោក ពីគម្រោងម៉ាស់២ ពីគម្រោង ASPIRE គឺគាត់មានបច្ចេកទេសដាំដុះ បន្លែលក់បានថ្លៃ។ ពីមុនបន្លែគាត់អត់មានទីផ្សារទេ ដោយសារគាត់ប្រើសារធាតុគីមី។ ដល់ឥឡូវយើងមានទីផ្សារស្រួលបួល មានបច្ចេកទេសបន្លែសុវត្ថិភាព យើងមានវគ្គបណ្ដុះបណ្ដាល្នុងការដាំបន្លែហ្នឹង បន្លែលក់បានថ្លៃ»។

គួរឲ្យដឹងថា គម្រោងម៉ាស់២ ទទួលបានជំនួយពីរដ្ឋាភិបាលអូស្ត្រាលី មានរយៈពេល៥ឆ្នាំ និងមានចំនួនទឹកប្រាក់ ៤លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនាខាងមុខនេះ។ គម្រោងនេះធ្វើការនៅក្នុងស្រុកចំនួន២ នៅខេត្តកណ្ដាល គឺស្រុកស្អាង និងស្រុកខ្សាច់កណ្ដាល និងនៅស្រុកចំនួន៥ ក្នុងខេត្តតាកែវ រួមមាន ស្រុកសំរោង គីរីវង្ស កោះអណ្ដែត បុរីជលសារ និងទ្រាំង។ គម្រោងនេះបានបង្កើនផលិភាព និងប្រាក់ចំណេញដល់កសិករក្រីក្រចំនួន ១ ៧០២នាក់ តាមរយៈការដាំបន្លែនៅក្នុង ១៣សហគមន៍។

គម្រោងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងស្ថាប័នឯកជននានាដើម្បីផ្ដល់ការគាំទ្រប្រកបដោយគុណភាពដល់កសិករ ដូចជាការផ្តល់ គ្រាប់ពូជ បច្ចេកទេស ការតភ្ជាប់ទៅកាន់ទីផ្សារ៕

Posted By Hean Pheap

Leave a Reply

Your email address will not be published. Required fields are marked *

Download The ADSA App Now

Also Available in