ជារៀងរាល់ថ្ងៃ គ្រួសារកម្ពុជានិយមទទួលទានត្រីដែលនេសាទបានពីទន្លេមេគង្គ ឬស្ទឹង បឹងបួរ ផ្សេងទៀត។ ប្រជាពលរដ្ឋកម្ពុជា ចូលចិត្តទទួលទានប្រភេទដូចជាត្រីទីឡាព្យ៉ា ត្រីស្ពង់ ត្រីរ៉ស ត្រីកាប និងត្រីអណ្តែងជាដើម។ ហើយមុខម្ហូបដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដូចជា អាម៉ុកត្រីចម្ហុយជាមួយខ្ទិះដូងខ្ចប់ស្លឹកចេកជាមុខអាហារដែលពេញនិយមសម្រាប់កម្មវិធីទទួលអាហារផ្សេងៗនៅកម្ពុជា ប្រហុកចំហុយ ស្ងរជ្រក់ត្រី ត្រីងៀតជាមួយស្វាយទុំ ។ល។ មិនថាសម្រាប់មុខម្ហូបមួយណានោះទេ ត្រីដែលគេយកមកចម្អិន ភាគច្រើនជាប្រភេទត្រីងៀត ឬត្រីឆ្អើដែលត្រូវបានគេសម្ងួតដើម្បីរក្សាទុកប្រើប្រាស់។ ជាក់ស្តែង អ្នកកែច្នៃផលនេសាទ និងអ្នកលក់ត្រី ហាលសម្ងួតត្រីដើម្បីទុកលក់ ខណៈដែលប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ហាលសម្ងួតត្រីទុកទទួលទានពេលក្រោយ។ ជាធម្មតាពួកគេហាលសម្ងួតត្រីក្រោមកម្តៅថ្ងៃ ឬឆ្អើដោយដុតអុស ឬធ្យូង។ ជនជាតិខ្មែរគ្រប់រូបបានដឹងយ៉ាងច្បាស់អំពីការឆ្អើ ឬហាលសម្ងួតត្រីបែបប្រពៃណីនេះ និងក្លិនរបស់វា។ នេះជាវិធីសម្ងួតត្រី ដែលបានបន្សល់ទុកពីពីដូនតាខ្មែរជាយូរលង់ណាស់មកហើយ ដែលមើលទៅហាក់ដូចជាពុំសូវសមប្រកប ហើយពិបាកនឹងផ្លាស់ប្តូរណាស់។ ប៉ុន្តែយើងអាចឆ្ងល់ថា ហេតុអ្វីបានជាយើងចាំបាច់យកចិត្តទុកដាក់ចំពោះរឿងនេះ? ចំណុចនៅត្រង់ថា វិធីសាស្រ្តហាលសម្ងួតត្រីតាមបែបប្រពៃណីនេះ គឺពុំសូវមានប្រសិទ្ធភាព អនាម័យ និងនិរន្តរភាពទេ។ ការហាលសម្ងួតត្រីក្រោមកម្តៅថ្ងៃមានលក្ខណៈបើកចំហរ ធ្វើឲ្យត្រីងៀតអាចឆ្លងមេរោគ ស្ងួតមិនស្មើសាច់ល្អ និងខូចរសជាតិជាដើម។ ត្រីងៀតដែលហាលសម្ងួតបែបនេះ ក៏អាចប្រឡាក់ជាប់ធូលី ប្រឈមនឹងសត្វល្អិត ឬលាមកសត្វបក្សីផ្សេងៗ។ បន្ថែមលើនេះ ការប្រើអុស ធ្យូង […]




